សារៈសំខាន់នៃការរកឃើញមហារីកដំបូង
ទោះបីជាជំងឺមហារីកគួរឱ្យភ័យខ្លាចសម្រាប់មនុស្សភាគច្រើនក៏ដោយ សព្វថ្ងៃនេះទម្រង់និងប្រភេទមហារីកជាច្រើនអាចព្យាបាលបានយ៉ាងពេញលេញ។ គួរឲ្យកត់សម្គាល់ មានអ្នករស់រានមានជីវិតពីជំងឺមហារីកមួយចំនួនធំ ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍ ដូចជានៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ការស្រាវជ្រាវបានបង្ហាញថា អត្រាមរណភាពនៃអ្នកជំងឺមហារីកបានកាត់បន្ថយ ដោយសារតែភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រក្នុងការព្យាបាលជំងឺមហារីក រួមទាំងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា ឧបករណ៍រាវរក/វិភាគ ក៏ដូចជាការធ្វើតេស្តហ្សែនដែលរួមចំណែកដល់ការរកឃើញកោសិកាមិនប្រក្រតីមុនពេលពួកវាប្រែទៅជាកោសិកាមហារីក ដូច្នេះវាធ្វើឲ្យការព្យាបាលប្រកបដោយប្រសិទ្ធភាព។
ការពិនិត្យមហារីក សំដៅលើការប្រើប្រាស់ការធ្វើតេស្តដែលធ្វើឡើងដើម្បីរកមើលជំងឺមហារីកនៅដំណាក់កាលដំបូងចំពោះមនុស្សដែលមិនទាន់បង្ហាញរោគសញ្ញានៃជំងឺ។ គោលបំណងនៃការពិនិត្យគឺដើម្បីកាត់បន្ថយជំងឺ និងការស្លាប់ដែលបណ្តាលមកពីជំងឺមហារីក វាគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយ និងមានប្រយោជន៍សម្រាប់អ្នកដែលមានហានិភ័យ ឬមានការព្រួយបារម្ភទាក់ទងនឹងជំងឺមហារីក។ នេះជាការសំខាន់ ព្រោះវាជាវិធានការដំបូងមួយដែលត្រូវបានធ្វើដើម្បីការពារជំងឺ។ លើសពីនេះ អ្នកជំងឺដែលរកឃើញជំងឺមហារីកទាន់ពេល មានឱកាសខ្ពស់ក្នុងការព្យាបាលជំងឺ ការជាសះស្បើយពេញលេញ បង្កើនគុណភាពជីវិត និងអាយុវែង។
